ភ្នំពេញ: អ៊ិន តាំ ជាអ្នកនយោបាយកម្ពុជាដ៏យូរអង្វែង ធ្លាប់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្គម រាស្ត្រនិយម, ជាប្រធានរដ្ឋសភា ជាមនុស្សទី៣ នៅពីក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០, ជាគូប្រជែងដ៏ប្រកៀកប្រកើយបំផុតរបស់ លន់ នល់ និង ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ ។
អ៊ិន តាំ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៦ នាភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាលនៅកុមារ គាត់បានសិក្សាភាសាបាលី នៅវត្តស្ទឹងត្រង់ បន្ទាប់មកបានបន្តការសិក្សានៅសាលាស៊ីសុវត្ថិ នាក្រុងភ្នំពេញ ។ បន្ទាប់ពីបានធ្វើជាប្រធានកងជីវពលខេត្តមក គាត់បានឡើងឋានៈយ៉ាងឆាប់រហ័ស ហើយក៏បានឡើងជាអភិបាលខេត្តតាកែវ ។
ក្នុងអំឡុងទសវត្ស៍ឆ្នាំ១៩៦០ អ៊ិន តាំ បានបម្រើមុខងារជាច្រើននៅក្នុងរដ្ឋាភិបាលសង្គមរាស្ត្រ និយមរបស់សម្តេចសីហនុ ហើយពីឆ្នាំ ១៩៦៤-១៩៦៦ គាត់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្មួយ ប្រុសរបស់គាត់ ព្រាប អ៊ិន ត្រូវបានចោទប្រកាន់ថាជាសមាជិកខ្មែរសេរី ជាក្រុមប្រឆាំងសម្តេចសីហនុ។ ព្រាប អ៊ិន ត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិតហើយថតជាខ្សែភាពយន្តបញ្ចាំង តាមរោងភាពយន្តទាំងឡាយនៅភ្នំពេញ ធ្វើឱ្យប្រជាជនខ្មែរដក់ជាប់ក្នុងចិត្ត ដិតក្នុងអារម្មណ៍នូវព្រឹត្តិការណ៍នោះអស់រយៈពេលយ៉ាងយូរ ។ អ៊ិន តាំ ត្រូវបានគេបន្ទោសថា មិនបានការពារ ព្រាប អ៊ិន ឱ្យបានគ្រប់គ្រាន់។
អ៊ិន តាំ ត្រូវបានគេទុកថាជាជនសំខាន់ម្នាក់ក្នុងចំណោមជនសំខាន់ៗទាំង៣រូប នៃរដ្ឋប្រហារ១៨មីនា ១៩៧០ ទម្លាក់សម្តេចសីហនុ ។ ឥស្សរជន២រូបផ្សេងទៀតគឺ ឧត្តមសេនីយ៍ លន់ នល់ ជាមនុស្សជំនិតរបស់សម្តេចសីហនុ , ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាបងប្អូនជីដូនមួយរបស់សម្តេចសីហនុ ។ កាលនោះ អ៊ិន តាំ កំពុងនៅក្នុងឋានៈជាប្រធានរដ្ឋសភា ហេតុនេះគាត់មានភារៈជាអ្នកដឹកនាំសមាជិករដ្ឋសភាបោះឆ្នោតដកហូតតំណែងរបស់សម្តេចសីហនុ។ ដោយហេតុ នេះ អ៊ិន តាំ ក៏ដូចជាលន់ នល់ និង សិរិមតៈ ដែរ កាលនោះត្រូវបានគេហៅថា “ មនុស្ស១៨មីនា” ។ ក្នុងឋានៈជាប្រធានរដ្ឋសភានេះដែរ អ៊ិន តាំ ក៏គឺជាអ្នកប្រកាសបង្កើតរបបសាធារណរដ្ឋខ្មែរ នាថ្ងៃទី៩ខែតុលា ឆ្នាំ១៩៧០ បន្ទាប់ពីមនុស្សរបស់ លន់ ណុន បានបំបែកនូវការរាំងខ្ទប់ដោយជោគជ័យនៃមនុស្សរបស់ សិរិមតៈ មក ។
ទោះយ៉ាងណា បន្ទាប់ពីឆ្នាំ១៩៧០ មក អ៊ិន តាំ មានទំនាស់ជាមួយលន់ នល់ ខ្លាំងឡើងៗ ។ ខែតុលា ឆ្នាំ១៩៧១ គាត់បានប្រកាសបិទរដ្ឋសភា ដោយសំអាងថា មានភាពអាសន្ននៃសង្គ្រាម ស៊ីវិល ដែលប្រការនេះត្រូវបានបង្កឡើងដោយអ៊ិន តាំ ខ្លួនឯង និងព្រះសង្ឃប្រមាណជា៤០០អង្គ ។
បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារពីសំណាក់កងកម្លាំងដែលមិនស្គាល់អត្តសញ្ញាណជាក់លាក់ ទៅលើហ្វូងបាតុករនៅមុខមហាវិទ្យាល័យច្បាប់ នាទីក្រុងភ្នំពេញ ( គេសន្និដ្ឋានថាបញ្ជាដោយ លន់ ណុន ដើម្បីបំផ្លាញភាពសាន្ដត្រាណនៃរដ្ឋាភិបាលរបស់ សឺង ង៉ុក ថាញ់ ) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧២ មក ច្បាប់រដ្ឋធម្មនុញ្ញថ្មី នៃសាធារណរដ្ឋខ្មែរ ត្រូវបានអនុម័តនៅថ្ងៃទី ៣០ ខែ មេសាឆ្នាំដដែលនោះ ហើយច្បាប់នេះតម្រូវឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ១៩៧២នោះ ។
កាលនោះ បេក្ខជនមានតែ៣នាក់ប៉ុណ្ណោះ គឺលន់ នល់ ដែលជាអ្នកមានអំណាចក្នុងដៃរួចជាស្រេច , អ៊ិន តាំ ដែលទើបតែមាន ទំនាស់នឹងក្រុម លន់ នល់ បន្ទាប់ពីរដ្ឋប្រហារ និង កែវ អន ជាមនុស្សដែលគេមើលឃើញថា ពុំមានអ្វីគួរឱ្យកត់សម្គាល់ជាសំខាន់ ។ គេចាត់ទុក អ៊ិន តាំ ថាជាមនុស្សម្នាក់ ក្នុងចំណោមពួកអ្នកមានភាពចាស់ទុំទាំងឡាយ ផ្នែកនយោបាយកម្ពុជានាសម័យនោះ ហើយគាត់មាន កេរ្តិ៍ឈ្មោះថាជាអ្នកសុចរិត ស្អាតស្អំ និងរបៀបរស់នៅយ៉ាងសាមញ្ញ ។
នៅក្នុងការបោះឆ្នោតនោះ គាត់បានក្លាយជាមនុស្សទី២បន្ទាប់ពីលន់ នល់ ដោយគាត់ទទួល បានសំឡេងឆ្នោតគាំទ្រ ២៤ ភាគរយ ។ គេបានដឹងជាទូទៅថា ប្រសិនបើដំណើរការបោះឆ្នោតនោះប្រព្រឹត្តទៅដោយយុត្តិធម៌នោះ អ៊ិន តាំ ពិតជាអ្នកឈ្នះលេខ១ជាមិនខាន ប៉ុន្តែជាអកុសល ការបោះឆ្នោតនោះត្រូវបានរៀបចំគៃបន្លំដើម្បីធានានូវជោគជ័យសម្រាប់ លន់ នល់ ដូចជានៅគ្រប់ទីកន្លែង ទាហានម្នាក់មានករណីយកិច្ចត្រូវបោះឆ្នោតជាសម្ងាត់យ៉ាងតិច៣ដងសម្រាប់លន់ នល់ ។ មេខ្លោងចាត់ឧបាយកលទាំងនោះ ពុំមាននរណាក្រៅពីលន់ ណុន ជាប្អូនប្រុសរបស់លន់ នល់ ឡើយ ។
បន្ទាប់មក គេបានកំណត់ឱ្យធ្វើការបោះឆ្នោតសភាបញ្ញត្តិភ្លាម ពោលគឺនឹងត្រូវធ្វើនៅថ្ងៃទី៣ និងទី១៧ខែកញ្ញាឆ្នាំ១៩៧២នោះ។ដោយមើលឃើញថាច្បាប់បោះឆ្នោតពេលនោះមានលក្ខណៈ ក្លែងបន្លំ និង ធានានូវជោគជ័យសម្រាប់គណបក្សសង្គមសាធារណរដ្ឋរបស់ លន់ នល់ និងប្អូនរបស់គាត់ គឺលន់ ណុន នោះ គណបក្ស សាធារណរដ្ឋ របស់ព្រះអង្គម្ចាស់សិរិមតៈ និង គណបក្សប្រជាធិបតេយ្យ របស់ អ៊ិន តាំ បានស្នើធ្វើការកែប្រែច្បាប់នោះ ប៉ុន្តែវាជាការឥតប្រយោជន៍ ដោយត្រូវបានបដិសេធ ។ ដោយហេតុនោះ គណបក្សសាធារណរដ្ឋរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងគណបក្សប្រជាធិបតេយ្យ របស់ អ៊ិន តាំ បានបដិសេធមិនចូលរួមប្រជែងក្នុងការបោះឆ្នោតសម្រាប់ សភាទាំង២នោះឡើយ ។
របបសាធារណរដ្ឋខ្មែរ ដែលមាន លន់ នល់ ជាប្រធានាធិបតី មានអាយុកាលតែ៥ឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ប៉ុន្តែមានការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនគ្រា ។ នៅក្នុងរដ្ឋាភិបាលរបស់ព្រះអង្គម្ចាស់ សិរិមតៈ គឺចាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៧១-១២ មីនា ១៩៧២ នោះ អ៊ិន តាំ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងមហាផ្ទៃ ។ ឆ្លងកាត់រដ្ឋាភិបាលចំនួន២ទៀត គឺរដ្ឋាភិបាលរបស់ សឺង ង៉ុក ថាញ់ និង ហង្ស ធុនហាក់ មក អ៊ិន តាំ បានត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៣ ។
ថ្ងៃទី១៤ ខែតុលាឆ្នាំ១៩៧៣ អ៊ិន តាំ បានដាក់ពាក្យលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានប្រធានាធិបតី លន់ នល់ បដិសេធ ព្រោះប្រធានាធិបតី យល់ឃើញថា ការលាលែងពីតំណែងរបស់អ៊ិន តាំ អាចនាំមកនូវផលលំបាកច្រើនសម្រាប់សាធារណរដ្ឋខ្មែរនៅក្នុងសន្និបាតអង្គការសហប្រជាជាតិ ត្បិតរដ្ឋាភិបាលនិរទេសរបស់សម្តេចនរោត្តម សីហនុ ក៏ទាមទារយកអាសនៈ ឬ ភាពជាតំណាងកម្ពុជា នៅ អង្គការសហប្រជាជាតិយ៉ាងប្រផិតប្រផើយណាស់ដែរ ។
ទោះយ៉ាងណា អ៊ិន តាំ បានរើរុះគណៈរដ្ឋមន្ត្រីរបស់គាត់ឡើងវិញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ ។ ដោយហេតុនេះ រដ្ឋាភិបាលទី១ របស់គាត់បានត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២២ តុលា នាឆ្នាំនោះឯង ហើយរដ្ឋាភិបាលទី២ របស់គាត់ក៏បានចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៧៣នោះដែរ ។
ថ្ងៃទី៦ ខែធ្នូឆ្នាំ ១៩៧៣ បន្ទាប់ពីការជជែកដ៏តានតឹងមក មហាសន្និបាត អ.ស.ប បានផ្តល់អាសនៈឱ្យសាធារណរដ្ឋខ្មែរធ្វើជាតំណាងកម្ពុជាម្តងទៀតយ៉ាងប្រផិតប្រផើយនាំមុខក្រុមរបស់សម្តេចសីហនុ ។ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៣ បន្ទាប់ពីទទួលបានអាសនៈនៅអង្គការសហប្រជាជាតិមក អ៊ិន តាំ បានដាក់ពាក្យសុំលាលែងពីតំណែងម្តងទៀត ។ ម្តងនេះសំណើរបស់គាត់ត្រូវបានប្រធានាធិបតី លន់ នល់ ព្រមទទួលភ្លាម ។ ហេតុនេះឋានៈជានាយករដ្ឋមន្ត្រីរបស់ អ៊ិន តាំ នារបបសាធារណរដ្ឋខ្មែរ ត្រូវបានបញ្ចប់នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ១៩៧៣នោះឯង ហើយអ្នកដែលត្រូវឡើងមកជំនួសគាត់ គឺ ឡុង បូរ៉េត ។ គិតទៅ អ៊ិន តាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីយៈពេល៧ខែ ។
លុះក្រោយមក គាត់ត្រូវបានដាក់ឱ្យនៅតាមកម្មវិធីដែលរៀបចំ ដើម្បីទាក់ទាញកម្មាភិបាលកុម្មុយនិស្ត បន្ទាប់ពីបានចូលនិវត្តន៍ពីនយោបាយ និងរស់នៅជាមួយគ្រួសារ និងពួកអ្នកគាំទ្រគាត់ នៅខេត្តបាត់ដំបង ។ នៅពេលដែលពួកខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនាខែមេសា ឆ្នាំ១៩៧៥ អ៊ិន តាំ បានកំពុងរស់នៅឯកសិដ្ឋានរបស់គាត់ ឯប៉ោយប៉ែត ។ គាត់ស្ទើរតែត្រូវបានពួកខ្មែរក្រហមសម្លាប់ ប៉ុន្តែគាត់បានភៀសខ្លួនចូលប្រទេសថៃ ហើយមានបំណងរៀបចំទ័ពព្រៃប្រឆាំងពួកខ្មែរក្រហមនៅតាមតំបន់ព្រំដែន ។ ទោះយ៉ាងណា សកម្មភាពនេះមិនសិ្ថតបានយូរឡើយ ដោយសារគាត់ត្រូវបានអាជ្ញាធរថៃនិរទេស ។ គាត់បានទៅប្រទេសបារាំង បន្ទាប់មកនៅឆ្នាំ១៩៧៦ គាត់បានផ្លាស់ ទៅ ស.រ.អា ជាទីដែលគាត់ទទួលបានសិទ្ធិជ្រកកោន ។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមរបស់ប៉ុល ពត ត្រូវបានផ្តួលរំលំ ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលលើកបន្តុបដោយវៀតណាម ។ សម្តេចសីហនុ បានបង្កើតចលនាហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ប្រឆាំងនឹងរដ្ឋាភិបាលមួយនេះ ។ លោក អ៊ិន តាំ គឺជាមេ បញ្ជាការនៃកងទ័ពម៉ូលីណាកា (MOULINAKA) របស់សម្តេចសីហនុ រហូតដល់ឆ្នាំ១៩៨៥ ទើបតំណែងនេះត្រូវបានជំនួសដោយព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ។
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសមក ប្រទេសកម្ពុជាត្រូវបោះឆ្នោតរៀបចំដោយ អ.ស.ប (UNTAC) ។ អ៊ិន តាំ បានស្ថាបនាគណបក្សប្រជាធិបតេយ្យរបស់គាត់ឡើងវិញ សម្រាប់បោះឆ្នោតឆ្នាំ១៩៩៣នោះ ប៉ុន្តែគណបក្សរបស់គាត់ពុំបានជោគជ័យ ។ ឆ្នាំ១៩៩៧ គណបក្សគាត់ធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ។អ៊ិន តាំ បានអនិច្ចកម្មនៅទីក្រុង ឆេនដ៍ល័រ រដ្ឋអារីហ្សូណា ភាគនិរតី នៃសហរដ្ឋ អាមេរិក នាឆ្នាំ២០០៦ ៕