អ៊ិន តាំ បុរស​ទី​៣​ ក្នុង​រដ្ឋប្រហារ​ ១៨​មីនា ១៩៧០

​​      ភ្នំពេញ: អ៊ិន តាំ ជា​អ្នកនយោបាយ​កម្ពុជា​ដ៏​យូរអង្វែង ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សង្គម រាស្ត្រនិយម, ជា​ប្រធានរដ្ឋសភា ជា​មនុស្ស​ទី​៣ នៅពីក្រោយ​រដ្ឋប្រហារ​១៨ មីនា ១៩៧០, ជា​គូ​ប្រជែងដ៏​ប្រកៀកប្រកើយ​បំផុត​របស់ លន់ នល់ និង ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ខ្មែរ ។​


​      អ៊ិន តាំ កើត​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩១៦ នា​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កាល​នៅ​កុមារ គាត់​បាន​សិក្សា​ភាសាបាលី នៅ​វត្ត​ស្ទឹងត្រង់ បន្ទាប់មក​បាន​បន្ត​ការសិក្សា​នៅ​សាលា​​​ស៊ីសុវត្ថិ នា​ក្រុងភ្នំពេញ ។ បន្ទាប់ពី​បានធ្វើ​ជា​ប្រធាន​កងជីវពល​ខេត្ត​មក គាត់​បាន​ឡើង​ឋានៈ​យ៉ាង​ឆាប់រហ័ស ហើយ​ក៏បាន​ឡើងជា​អភិបាល​ខេត្តតាកែវ​ ។​

​    ក្នុងអំឡុង​ទសវត្ស៍​ឆ្នាំ​១៩៦០ អ៊ិន តាំ បាន​បម្រើ​មុខងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​សង្គម​រាស្ត្រ និយម​របស់​សម្តេច​សីហនុ ហើយពី​ឆ្នាំ ១៩៦៤-១៩៦៦​​ គាត់​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ក្មួយ  ប្រុស​របស់គាត់ ព្រាប អ៊ិន ត្រូវបាន​ចោទប្រកាន់ថា​ជា​សមាជិក​ខ្មែរ​សេរី ជា​ក្រុមប្រឆាំង​សម្តេច​សីហនុ។ ព្រាប អ៊ិន ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោសប្រហារជីវិតហើយ​ថត​ជា​ខ្សែភាពយន្ត​បញ្ចាំង ​តាម​រោងភាពយន្ត​ទាំងឡាយ​នៅ​ភ្នំពេញ ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ដក់​ជាប់​ក្នុង​ចិត្ត ដិត​ក្នុង​អារម្មណ៍​នូវ​ព្រឹត្តិការណ៍​នោះ​អស់​រយៈពេល​យ៉ាងយូរ ។ អ៊ិន តាំ ត្រូវបាន​គេ​បន្ទោស​ថា មិនបាន​ការពារ ព្រាប អ៊ិន ឱ្យបាន​គ្រប់គ្រាន់។​

​      អ៊ិន តាំ ត្រូវបាន​គេ​ទុក​ថា​ជា​ជន​សំខាន់​ម្នាក់​ក្នុងចំណោម​ជន​សំខាន់ៗ​ទាំង​៣​រូប នៃ​រដ្ឋប្រហារ​១៨​មីនា ១៩៧០ ទម្លាក់​សម្តេច​សីហនុ ។ ឥស្សរជន​២​រូប​ផ្សេងទៀត​គឺ ឧ​ត្ត​ម​សេនីយ៍ លន់ នល់ ជាម​នុស្ស​ជំនិត​របស់​សម្តេច​សីហនុ , ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ជា​បងប្អូន​ជីដូនមួយ​របស់​សម្តេច​សីហនុ ។ កាលនោះ អ៊ិន តាំ កំពុង​នៅក្នុង​ឋានៈ​ជា​ប្រធានរដ្ឋសភា ហេតុនេះ​គាត់​មាន​ភារៈ​ជា​អ្នកដឹកនាំ​សមាជិក​រដ្ឋសភា​បោះឆ្នោត​ដកហូត​តំណែង​របស់​សម្តេច​សីហនុ។ ដោយហេតុ នេះ អ៊ិន តាំ ក៏ដូចជា​លន់ នល់ និង សិរិមតៈ ដែរ កាលនោះ​ត្រូវបាន​គេ​ហៅថា “ មនុស្ស​១៨​មីនា​” ។ ក្នុងឋានៈ​ជា​ប្រធានរដ្ឋសភា​នេះដែរ អ៊ិន តាំ ក៏​គឺជា​អ្នក​ប្រកាស​បង្កើត​របប​សាធារណរ​ដ្ឋ​ខ្មែរ នា​ថ្ងៃទី​៩​ខែតុលា ឆ្នាំ​១៩៧០ បន្ទាប់ពី​មនុស្ស​របស់ លន់ ណុន បាន​បំបែក​នូវ​ការ​រាំងខ្ទប់​ដោយ​ជោគជ័យ​នៃ​មនុស្ស​របស់ សិរិមតៈ មក ។

​     ទោះយ៉ាងណា បន្ទាប់ពី​ឆ្នាំ​១៩៧០ មក អ៊ិន តាំ មានទំនាស់​ជាមួយ​លន់ នល់ ខ្លាំង​ឡើងៗ ។ ខែតុលា ឆ្នាំ​១៩៧១ គាត់​បានប្រកាស​បិទ​រដ្ឋសភា ដោយ​សំអាងថា មាន​ភាពអាសន្ន​នៃ​សង្គ្រាម ស៊ីវិល ដែល​ប្រការនេះ​ត្រូវបាន​បង្កឡើង​ដោយ​អ៊ិន តាំ ខ្លួនឯង និង​ព្រះសង្ឃ​ប្រមាណ​ជា​៤០០​អង្គ ។

​       បន្ទាប់ពី​ព្រឹត្តិការណ៍​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់ ទៅលើ​ហ្វូង​បាតុករ​នៅមុខ​មហាវិទ្យាល័យ​ច្បាប់ នាទី​ក្រុងភ្នំពេញ ( ​គេ​សន្និដ្ឋានថា​បញ្ជា​ដោយ លន់ ណុន ដើម្បី​បំផ្លាញ​ភាព​សាន្ដត្រាណ​នៃ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ ​) នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​១៩៧២ មក ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នៃ​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​ ៣០ ខែ មេសាឆ្នាំ​ដដែល​នោះ ហើយ​ច្បាប់​នេះតម្រូវឱ្យ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​ ៤ ខែ មិថុនា ឆ្នាំ​១៩៧២​នោះ ។

​    ​​ កាលនោះ បេក្ខជន​មានតែ​៣​នាក់​ប៉ុណ្ណោះ គឺ​លន់ នល់ ដែលជា​អ្នកមានអំណាច​ក្នុង​ដៃ​រួច​ជា​ស្រេច , អ៊ិន តាំ ដែល​ទើប​តែមាន ទំនាស់​នឹង​ក្រុម លន់ នល់ បន្ទាប់ពី​រដ្ឋប្រហារ និង កែវ អន ជា​មនុស្ស​ដែល​គេ​មើលឃើញថា ពុំមាន​អ្វី​គួរឱ្យកត់សម្គាល់​ជាសំខាន់ ។ គេ​ចាត់ទុក អ៊ិន តាំ ថា​ជា​មនុស្ស​ម្នាក់ ​ក្នុងចំណោម​ពួក​អ្នកមាន​ភាពចាស់ទុំ​ទាំងឡាយ ​ផ្នែក​នយោបាយ​កម្ពុ​ជានា​សម័យ​នោះ ហើយ​គាត់​មាន កេរ្តិ៍​ឈ្មោះថា​ជា​អ្នក​សុចរិត ស្អាតស្អំ និង​របៀប​រស់នៅ​យ៉ាង​សាមញ្ញ ។

​      នៅក្នុង​ការបោះឆ្នោត​នោះ គាត់​បាន​ក្លាយជា​មនុស្ស​ទី​២​បន្ទាប់ពី​លន់ នល់ ដោយ​គាត់​ទទួល បាន​សំឡេងឆ្នោត​គាំទ្រ​ ២៤ ភាគរយ ។ គេ​បានដឹង​ជាទូទៅ​ថា ប្រសិនបើ​ដំណើរការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​នោះ អ៊ិន តាំ ពិតជា​អ្នកឈ្នះ​លេខ​១​ជាមិនខាន ប៉ុន្តែ​ជា​អកុសល ការបោះឆ្នោត​នោះ​ត្រូវ​បានរៀបចំ​គៃបន្លំ​ដើម្បី​ធានា​នូវ​ជោគជ័យ​សម្រាប់ លន់ នល់ ដូចជា​នៅ​គ្រប់​ទីកន្លែង ទាហាន​ម្នាក់​មាន​ករណីយកិច្ច​ត្រូវ​បោះឆ្នោត​ជាសម្ងាត់​យ៉ាងតិច​៣​ដង​សម្រាប់​លន់ នល់ ។ មេខ្លោង​ចាត់​ឧបាយកល​ទាំងនោះ ពុំមាន​នរណា​ក្រៅពី​លន់ ណុន ជា​ប្អូនប្រុស​របស់​លន់ នល់ ឡើយ ។

     ​បន្ទាប់មក គេ​បានកំណត់​ឱ្យធ្វើ​ការបោះឆ្នោត​សភា​បញ្ញត្តិ​ភ្លាម ពោលគឺ​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​៣ និងទី​១៧ខែកញ្ញា​ឆ្នាំ​១៩៧២​នោះ។ដោយ​មើលឃើញថាច្បាប់បោះឆ្នោត​ពេលនោះ​មាន​លក្ខណៈ ​ក្លែងបន្លំ និង ធានា​នូវ​ជោគជ័យ​សម្រាប់​គណបក្ស​សង្គម​សាធារណរដ្ឋ​របស់ លន់ នល់ និង​ប្អូន​របស់គាត់ គឺ​លន់ ណុន នោះ គណបក្ស សាធារណរដ្ឋ របស់​ព្រះអង្គម្ចាស់​សិរិមតៈ និង គណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បានស្នើ​ធ្វើការ​កែប្រែ​ច្បាប់​នោះ ប៉ុន្តែ​វា​ជាការ​ឥតប្រយោជន៍ ដោយ​ត្រូវបាន​បដិសេធ ។ ដោយហេតុ​នោះ គណបក្ស​សាធារណរដ្ឋ​របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងគណបក្ស​ប្រជាធិបតេយ្យ របស់ អ៊ិន តាំ បាន​បដិសេធ​មិន​ចូលរួម​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​សម្រាប់ សភា​ទាំង​២​នោះឡើយ ។

​      របប​សាធារណរដ្ឋ​ខ្មែរ ដែលមាន លន់ នល់ ជា​ប្រធានាធិបតី មាន​អាយុកាល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ប៉ុន្តែ​មានការ​ផ្លាស់ប្តូរ​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើនគ្រា ។ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ព្រះអង្គម្ចាស់ សិរិមតៈ គឺ​ចាប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​១៩៧១-១២ មីនា ១៩៧២ នោះ អ៊ិន តាំ ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ក្រសួងមហាផ្ទៃ ។ ឆ្លងកាត់​រដ្ឋាភិបាល​ចំនួន​២​ទៀត គឺ​រដ្ឋាភិបាល​របស់ សឺ​ង ង៉ុ​ក ថា​ញ់ និង ហង្ស ធុន​ហាក់ មក អ៊ិន តាំ បាន​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៣ ។

​      ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ​១៩៧៣ អ៊ិន តាំ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​ប្រធានាធិបតី លន់ នល់ បដិសេធ ព្រោះ​ប្រធានាធិបតី យល់ឃើញថា ការលាលែង​ពី​តំណែង​របស់​អ៊ិន តាំ អាច​នាំមក​នូវ​ផល​លំបាក​ច្រើន​សម្រាប់​សាធារណរដ្ឋ​ខ្មែរ​នៅក្នុង​សន្និបាត​អង្គការសហប្រជាជាតិ ត្បិត​រដ្ឋាភិបាល​និរទេស​របស់​សម្តេច​នរោត្តម សីហនុ ក៏​ទាមទារ​យក​អាសនៈ ឬ ភាពជា​តំណាង​កម្ពុជា នៅ អង្គការសហប្រជាជាតិ​យ៉ាង​ប្រផិតប្រផើយ​ណាស់ដែរ ។

​      ទោះយ៉ាងណា អ៊ិន តាំ បាន​រើរុះ​គណៈរដ្ឋមន្ត្រី​របស់គាត់​ឡើងវិញ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​១៩៧៣ ។ ដោយហេតុនេះ រដ្ឋាភិបាល​ទី​១​ របស់គាត់​បាន​ត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២២ តុលា នា​ឆ្នាំ​នោះឯង ហើយ​រដ្ឋាភិបាល​ទី​២​ របស់គាត់​ក៏បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ១៩៧៣​នោះដែរ ។

​     ថ្ងៃទី​៦ ខែធ្នូ​ឆ្នាំ ១៩៧៣ បន្ទាប់ពី​ការជជែក​ដ៏​តានតឹង​មក មហាសន្និបាត អ​.​ស​.​ប បានផ្តល់​អាសនៈ​ឱ្យ​សាធារណរដ្ឋ​ខ្មែរ​ធ្វើជា​តំណាង​កម្ពុជា​ម្តងទៀត​យ៉ាង​ប្រផិតប្រផើយ​នាំមុខ​ក្រុម​របស់​សម្តេច​សីហនុ ។ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៧៣ បន្ទាប់ពី​ទទួលបាន​អាសនៈ​នៅ​អង្គការសហប្រជាជាតិ​មក អ៊ិន តាំ បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​ម្តងទៀត ។ ម្តងនេះ​សំណើ​របស់គាត់​ត្រូវបាន​ប្រធានាធិបតី លន់ នល់ ព្រម​ទទួល​ភ្លាម ។ ហេតុនេះ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​របស់ អ៊ិន តាំ នា​របប​សាធារណរដ្ឋ​ខ្មែរ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ​១៩៧៣​នោះឯង ហើយ​អ្នក​ដែល​ត្រូវ​ឡើងមក​ជំនួស​គាត់ គឺ ឡុង បូ​រ៉េត ។ គិត​ទៅ អ៊ិន តាំ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​យៈ​ពេល​៧​ខែ ។

​     លុះ​ក្រោយមក គាត់​ត្រូវបាន​ដាក់ឱ្យ​នៅតាម​កម្ម​វិធី​ដែល​រៀបចំ ដើម្បី​ទាក់ទាញ​កម្មាភិបាល​កុ​ម្មុយ​និ​ស្ត បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​នយោបាយ និង​រស់នៅ​ជាមួយ​គ្រួសារ និង​ពួក​អ្នកគាំទ្រ​គាត់ នៅ​ខេត្តបាត់ដំបង ។ នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នា​ខែមេសា ឆ្នាំ​១៩៧៥ អ៊ិន តាំ បាន​កំពុង​រស់​នៅឯ​កសិដ្ឋាន​របស់គាត់ ឯ​ប៉ោយប៉ែត ។ គាត់​ស្ទើរតែ​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់ ប៉ុន្តែ​គាត់​បាន​ភៀសខ្លួន​ចូល​ប្រទេស​ថៃ ហើយ​មានបំណង​រៀបចំ​ទ័ពព្រៃ​ប្រឆាំង​ពួក​ខ្មែរក្រហម​នៅតាម​តំបន់​ព្រំដែន ។ ទោះយ៉ាងណា សកម្មភាព​នេះ​មិន​សិ្ថ​ត​បានយូរ​ឡើយ ដោយសារ​គាត់​ត្រូវបាន​អាជ្ញាធរ​ថៃ​និរទេស ។ គាត់​បាន​ទៅ​ប្រទេស​បារាំង បន្ទាប់មក​នៅ​ឆ្នាំ​១៩៧៦ គាត់​បាន​ផ្លាស់ ទៅ ស​.​រ​.​អា ជាទី​ដែល​គាត់​ទទួលបាន​សិទ្ធិ​ជ្រកកោន ។

​      ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​របស់​ប៉ុល ពត ត្រូវបាន​ផ្តួលរំលំ ប្រទេស​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លើក​បន្តុប​ដោយ​វៀតណាម ។ សម្តេច​សីហនុ បាន​បង្កើត​ចលនា​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ប្រឆាំងនឹង​រដ្ឋាភិបាល​មួយ​នេះ ។ លោក អ៊ិន តាំ គឺជា​មេ បញ្ជាការ​នៃ​កងទ័ព​ម៉ូលីណាកា (MOULINAKA) របស់​សម្តេច​សីហនុ រហូតដល់​ឆ្នាំ​១៩៨៥ ទើប​តំណែង​នេះ​ត្រូវបាន​ជំនួស​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណ​ប្ញ​ទ្ធិ ។

       ​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មក ប្រទេស​កម្ពុជា​ត្រូវ​បោះឆ្នោត​រៀបចំ​ដោយ អ​.​ស​.​ប (UNTAC) ។ អ៊ិន តាំ បាន​ស្ថាបនា​គណបក្ស​ប្រជាធិបតេយ្យ​របស់គាត់​ឡើងវិញ សម្រាប់​បោះឆ្នោត​ឆ្នាំ​១៩៩៣​នោះ ប៉ុន្តែ​គណបក្ស​របស់គាត់​ពុំបាន​ជោគជ័យ ។ ឆ្នាំ​១៩៩៧ គណបក្ស​គាត់​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ។​អ៊ិន តាំ បាន​អនិច្ចកម្ម​នៅ​ទីក្រុង ឆេន​ដ៍​ល័​រ រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​និរតី នៃ​សហរដ្ឋ អាមេរិក នា​ឆ្នាំ​២០០៦ ៕

 

About ឃ្លាំងគំនិត

បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​រៀនសូត្រ ។
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈសង្ឝម។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ